ទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ សកម្មភាពពិធីប្រគល់រង្វាន់ជ័យលាភីមហោស្រពសិល្បៈថ្នាក់មធ្យមសិក្សាអន្តរជាតិលើកទី២៤។ លោក បាន ប៊ុនហេង នាយកការិយាល័យរដ្ឋបាលនៃសាកលវិទ្យាល័យកម្ពុជា បានដឹកនាំជ័យលាភីចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០២៣ តំណាងប្រទេសកម្ពុជា ប្អូនប្រុស ជុំ សុខសំបូរ ជាសិស្សថ្នាក់ទី១២A មកពីសាលាអន្តរជាតិឃើមុល ដើម្បីចូលរួមទទួលរង្វាន់ជ័យលាភីនាព្រឹកនេះ ក្រោមអធិបតីភាពឥស្សរជនជាន់ខ្ពស់របស់ប្រទេសជប៉ុន និងឯកឧត្តមបណ្ឌិត ហារុហ៊ីសា ហាន់ដា ប្រធានមូលនិធិអន្តរជាតិ ដើម្បីសិល្បៈ និងវប្បធ៌ (IFAC) នៃទីក្រុងតូក្យូ ប្រទេសជប៉ុន និងជាអធិការបតីនៃសាកលវិទ្យាល័យកម្ពុជា។ សម្រាប់ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងចូលរួមពិធីប្រគល់រង្វាន់ជ័យលាភីមហោស្រពសិល្បៈថ្នាក់មធ្យមសិក្សាអន្តរជាតិលើកទី២៤ ការផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌រវាងប្រទេសដែលបានចូលរួម និងប្រទេសជប៉ុន សម្រាប់សិល្បៈករវ័យក្មេងដែលមានឧបនិស្ស័យសិល្បៈគំនូរនាសម័យបច្ចុប្បន្ន។ សូមបញ្ជាក់ផង កម្មវិធីនេះត្រូវបានការឧបត្ថម្ភរបស់មូលនិធិអន្តរជាតិ ដើម្បីសិល្បៈ និងវប្បធម៌នៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហារុហ៊ីសា ហាន់ដា អធិការបតីនៃសាកលវិទ្យាល័យកម្ពុជា និងគាំទ្រដោយ លោកជំទាវ ឃឹម រ៉ានី ប្រធានសាកលវិទ្យាល័យស្តីទី នៃសាកលវិទ្យាល័យកម្ពុជាផងដែរ។